អ្នកវិភាគសង្គម និងសហជីព មើលឃើញថាដំណោះស្រាយដ៏លឿនរហ័សចំពោះកម្មកររោងចក្រ អ.ជី បង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលអាណត្តិទី៧

0
315

អ្នកវិភាគសង្គម និងសហជីពនៃរោងចក្រអ.ជី ហ្វ៊ូតវែរ បានលើកឡើង ថាដំណោះស្រាយដ៏លឿនរហ័សចំពោះកម្មកររោងចក្រ អ.ជី បានបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលអាណត្តិទី៧។

លោកបណ្ឌិត យ៉ង់ ពៅ អ្នកវិភាគសង្គម និងជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងថា ដំណោះស្រាយដ៏ឆាប់រហ័សចំពោះកម្មករោងចក្រ អ.ជី ដែលសម្របសម្រួលឱ្យបើកប្រាក់ឈ្នួលមុនកាលកំណត់នាពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ដល់កម្មកររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ដែលដឹកនាំដោយសម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត។

លោកអះអាងថា៖«ការដោះស្រាយបញ្ហាជូនកម្មករដ៏ឆាប់រហ័សនាពេលនេះ បញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលអាណត្តិទី៧។ ខ្ញុំសាទរយន្តការលឿនរហ័សនេះ ហើយអបអរទៅដល់បងប្អូនកម្មករទាំងអស់ដែលទទួលបានប្រាក់អត្ថប្រយោជន៍(ប្រាក់ឈ្នួល និងប្រាក់បំណាច់)នៅជិតថ្ងៃចូលឆ្នាំប្រពៃណីខ្មែរខាងមុននេះ»។

សម្រាប់អ្នកវិភាគរូបនេះ ដំណោះស្រាយលឿននេះ បង្ហាញពីសមត្ថភាពរបស់រាជរដ្ឋាភិបាលអាណាត្តិទី៧ចំពោះដំណោះស្រាយដ៏មានប្រសិទ្ធភាព ខណៈសេដ្ឋកិច្ចសកលក៏កំពុងជួបបញ្ហាផ្សេងៗ។ លោកជឿជាក់ថា រាជរដ្ឋាភិបាល នឹងបន្តយន្តការដោះស្រាយរហ័សបែបនេះបន្តទៀតបើទោះបីក្នុងករណីណាក៏ដោយដើម្បីបម្រើដល់ផលប្រយោជន៍កម្មករ។

ទន្ទឹមនឹងនេះ អនុប្រធានសហជីពខ្មែរCUFនៃរោងចក្រ អ.ជី ហ្វ៊ូតវែរ លោកស្រី និល ខេន លើកឡើងថា ៖«ក្នុងនាមជាសហជីពមួយរូបនៅរោងចក្រនេះ (រោងចក្រ អ.ជី ហ្វ៊ូតវែរ) ខ្ញុំសូមអរគុណទៅដល់រាជរដ្ឋាភិបាល ក្រសួងការងារ និងថៅកែរោងចក្រ ដែលបានខិតខំបំពេញការងារ ធ្វើយ៉ាងខ្លាំងឱ្យកម្មកររបស់យើងទាំងអស់គ្នា ទទួលបានប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗទៀតមុនពេលវេលា»។

លោកស្រីបានគូសបញ្ជាក់ថា ការធ្វើការយ៉ាងឆាប់រហ័សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាលើការសម្របសម្រួលជាមួយថៅកែរោងចក្រក្នុងពេលនេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់មកលើសុខទុក្ខរបស់បងប្អូនកម្មករ។

គូសបញ្ជាក់ផងដែរ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នេះកម្មករនៃរោងចក្រអ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) ជាច្រើនលើសលុបបានមកទទួលការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ បន្ទាប់ពីរោងចក្រមួយនេះ ត្រូវបានឆេះរងការខូចខាតទាំងស្រុងកាលពីពេលថ្មីៗនេះ៕