ក្រសួងសុខាភិបាលកំពុងបន្តពង្រឹងនូវក្រមសីលធម៌វិជ្ជាជីវៈដល់ក្រុមគ្រូពេទ្យដែលប​ម្រើការងារនូវវិស័យសុខាភិបាល

0
95

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ចំពោះក្រមសីលធម៌លើមន្ត្រីពេទ្យរដ្ឋ ក្រសួងកំពុងតែជួបជាមួយ នឹងគណៈគ្រូពេទ្យ គណៈទណ្ឌពេទ្យ គណៈឆ្មប គណៈវិជ្ជាជីវៈ ខាងការថែទាំ .ល. ដើម្បីពង្រឹងនូវ ការបណ្តុះបណ្តាល ស្មារតី ក្រមសីលធម៌វិជ្ជាជីវៈ ដល់ក្រុមគ្រូពេទ្យដែលបម្រើបងប្អូនប្រជាពលរដ្ឋ ឲ្យបានយល់ និងអនុវត្តជាប្រចាំ ព្រោះគណៈទាំងនោះ មានឳកាស មានពេលវេលា មានសិទ្ធក្នុ ងការជួយធ្វើយ៉ាងណា លើកស្ទួយនូវការយល់ដឹង ជាការរម្លឹក ខណៈក្រសួងកំពុង ធ្វើការងារនេះយ៉ាងសកម្ម។  នេះជាការបញ្ជាក់ របស់ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។

ការថ្លែងបែបនេះក្នុងឳកាសដែលឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើសន្និសីទ សារព័ត៌មាន ស្តីពី «វឌ្ឍនភាពវិស័យសុខាភិបាលនាពេលចាប់ផ្តើមរាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា រហូតដល់បច្ចុប្បន្ន» នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីថែល រាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិតបានបន្ថែមថា ការយឺតយ៉ាវក៏ស្ថិតនៅឥរិយាបទដែរ ដែលការយឺតយ៉ាវនេះក្រសួងសុខាភិបាល បានរៀបចំជាគោលគំនិតបន្តបន្ទាប់អំពីប្រភេទជំងឺអ្វី ដែលយើងត្រូវការការថែទាំ យកចិត្តទុកដាក់ក្នុងការបម្រើសេវា នោះឲ្យបានក្នុងរយៈពេលណា។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកជាឧទាហរណ៍ជំងឺថា រលាកខ្នែងពោះវៀនបន្ទាន់ តើក្នុងរយៈពេលប៉ុន្មាននាទី ប៉ុន្មានម៉ោងដែលយើងត្រូវវះកាត់ឲ្យបាន ក្រសួងសុខាភិបាលមានគោលការណ៍នេះ ដើម្បីបជ្រៀបការអនុវត្តទៅនិយាម មន្ទីរពិសោធន៍ត្រូវការធ្វើយ៉ាងណាឲ្យលទ្ធផលនៃការពិនិត្យបន្ទាន់នេះ ក្នុងរយៈពេលប៉ុន្មាននាទីត្រូវតែចេញលទ្ធផល.ល.។

ជាមួយគ្នានេះដែរ ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល សង្ឃឹមថាក្រុម គ្រូពេទ្យមួយចំនួនតូចដែលគ្មានក្រុមសីលធម៌នឹងប្រែមកធ្វើការបម្រើសេវាប្រកប ទៅដោយក្រមសីលធម៌ជាបន្តបន្ទាប់៕