សាធារណជនថា មានប.ស.ស. ប្រៀបដូចជាមានទេវតាចាំជួយពេលឈឺថ្កាត់

0
76

ប្រជាពលរដ្ឋដែលជា អ្នកធ្វើការ អ្នកលក់ដូរ និងសិស្សនិស្សិត សុទ្ធតែលាន់មាត់ថា អត្ថប្រយោជន៍នៃរបបបេឡាជាតិសន្តិសុខសង្គមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិតជាបានជួយប្រជាពលរដ្ឋឱ្យកាត់បន្ថយចំណាយបានយ៉ាងច្រើនដែលពួកគាត់នឹកស្មានមិនដល់។

ពលរដ្ឋនាំគ្នាលើកឡើងថា៖ “បើមានគ្រោះថ្នាក់ធ្ងន់ធ្ងរត្រូវចំណាយអស់ច្រើន អ្នកលក់ដូរធម្មតាគ្មានសម្មត្ថភាពក្នុងការចំណាយទេពេលមាន ប.ស.ស. អាចជួយសម្រួលបានច្រើនពិតមែន ខ្ញុំជឿជាក់”។

គូសបញ្ជក់ថា សម្រាប់សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. គឺចំណាយត្រឹមតែ ១៥,៦០០រៀប៉ុណ្ណោះក្នុងមួយខែនោះនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ដូចជា ទទួលបានសេវាពិនិត្យ ពិគ្រោះយោបល់ ព្យាបាល និងថែទាំ ទទួលបានប្រាក់បំណាច់មាតុភាព និងទទួលបានប្រាក់វិភាជន៍បូជាសព។

ជាមួយគ្នានេះឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ឱ្យដឹងថា ប្រជាពលរដ្ឋមានការសាទរយ៉ាងច្រើនជាមួយនឹងអត្ថប្រយោជន៍នៃប.ស.ស.បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចធិបតី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. កាលពីថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០២៣កន្លង។

ឯកឧត្តមបញ្ជក់បន្ថែមថា គិតត្រឹមថ្ងៃទី៧ ខេមេសា ឆ្នាំ២០២៤នេះ មានបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកប្រមាណជាង១៩ម៉ឺន៥ ពាន់នាក់ដែលបានចុះបញ្ជីសមាជិកប.ស.ស. ក្នុងនោះបុគ្គលស្វ័យនិយោជន៍មាន១៥៦,៧៤៤នាក់ ខណៈដែលសមាជិកប.ស.ស.ក្នុងបន្ទុកមាន ៣៨,៩២៤នាក់។

ទន្ទឹមនឹងនេះ ឯកឧត្តម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់មានប័ណ្ណប.ស.ស. ឱ្យមកចុះឈ្មោះតាមរយៈប្រភេទបុគ្គលស្វ័យនិយោជន៍ដែលត្រូវចំណាយត្រឹមតែ ១៥,៦០០រៀលប៉ុណ្ណោះ
ដែលធ្វើឱ្យទទួលបានអត្ថប្រយោជន៍ជាច្រើន៕