ព្រឹកនេះសម្តេចធិបតីអញ្ជើញសម្ពោធអគារបម្រើសេវាវះកាត់បំពាក់ឧបករណ៍ដ៏ទំនើបនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

0
90

សៀមរាប៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារបម្រើសេវាវះកាត់បំពាក់ឧបករណ៍ដ៏ទំនើបនៅមន្ទីរ ពេទ្យ បង្អែកខេត្តសៀមរាប ដែលមានតម្លៃជិត២០លានដុល្លារ ជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ។

ជាមួយគ្នានេះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាមន្ទីរពេទ្យដើរតួនាទីផ្តល់សេវាសុខាភិបាល ដ៏សំខាន់ដែលត្រូវបានបើកទ្វារតាំងពីឆ្នាំ១៩២៩ ពេលកម្ពុជាស្ថិតនៅក្រោមអាណានិគម របស់បារាំង ហើយបន្តផ្តល់សេវារហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ មន្ទីរពេទ្យនេះត្រូវបានផ្អាកដំណើរការទាំងស្រុងក្នុងរបបកម្ពុជាប្រជាធិបតេយ្យរយៈពេលជិត៤ឆ្នាំ។

សូមរម្លឹកដែរថា មន្ទីរពេទ្យនេះ ត្រូវបានបើកដំណើរការឡើងវិញនៅក្រោយថ្ងៃរំដោះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ខណៈដែលហេដ្ឋរចនាសម្ព័ន្ធ និងគ្រឿង​បរិក្ខារបម្រើដល់ការព្យាបាលត្រូវបានខូចខ្ទេចខ្ទីអស់។ ក្រោមការយកចិត្តទុកដាក់របស់រដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ព្រមទាំងមានការជួយគាំទ្រពីប្រទេសជាមិត្ត និងអង្គការ មនុស្សធម៌នានា មន្ទីរពេទ្យត្រូវបានអភិវឌ្ឍន៍ និងលើកកម្ពស់ការផ្តល់សេវាសុខា ភិបាលឱ្យកាន់តែល្អប្រសើរជាបន្តបន្ទាប់ ដើម្បីផ្តល់សេវាជួយសង្គ្រោះប្រជាពលរដ្ឋ ឱ្យកាន់តែមានគុណភាពខ្ពស់។

«អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់» ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ នឹងរួមចំណែកធ្វើឱ្យការផ្តល់សេវាសុខាភិបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាន់តែល្អប្រសើរថែមទៀត។

សូមបញ្ជាក់ថា«អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់»នេះមានកម្ពស់៤ជាន់ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ និងបានបញ្ចប់រួចរាល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។ អគារនេះមានកម្ពស់៤ជាន់ និងមានតួនាទីផ្តល់សេវាផ្សេងៗគ្នា៕