ទួលព័ន្ធតាឡី បឹងស្នេហ៍ កំពុងទាក់ទាញទេសចរណ៍ជិតឆ្ងាយចូលទស្សនា

0
108

(ខេត្តព្រៃវែង)៖ ទួលព័ន្ធតាឡី បឹងស្នេហ៍ គឺជាទីកន្លែងរកចំណី ការរស់នៅ និងបន្តពូជ របស់សត្វស្លាបទឹក ដែលក្នុងនោះបក្សីមួយចំនួនជាប្រភេទជិតផុតពូជ និងកំពុងរងការគំរាមកំហែងលើពិភពលោក ដូចជាប្រភេទ ស្មោញ ទុងប្រផេះ រនាលពណ៌ ត្រយងខ្លួនស ត្រយងខ្លួនរលោង ត្រដក់តូច និងជាពិសេសប្រភេទសត្វចង្កៀលខ្យង ដែលកំពុងបន្តពូជពងកូនរាប់ពាន់ក្បាល ។

ជាមួយគ្នានេះ តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី-បឹងស្នេហ៍នេះ ជាបឹងមានទឹកជាអចិន្ត្រៃយ៍ទាំងនៅក្នុងរដូវប្រាំងនិងរដូវវស្សាដែលផ្តល់នូវ ប្រភពទឹកស្រោចស្រព្វដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ និងសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។មានអន្លុងត្រីសំខាន់ៗដែលជាទីជម្រករស់នៅនិងបន្តពូជរបស់ត្រីជាច្រើនប្រភេទ និងជាកន្លែងនេសាទដ៏សំខាន់សម្រាប់ប្រជាជនរស់នៅជុំវិញតំបន់ទៀតផង។ក្រៅពីនេះក៏ ជាកន្លែងសម្រាកកំសាន្តនិងជាបឹងប្រវត្តិសាស្ត្រដែលផ្សាភ្ជាប់ជំនឿមានព្រលឹងអរូបិយ «អ្នកតាព័ន្ធតាឡី» និងបានជួយទ្រទ្រង់ដល់វត្តមានសត្វស្លាបជាច្រើនប្រភេទឱ្យរស់នៅយ៉ាងសុខសាន្តនៅក្នុងទឹកដីខេត្តព្រៃវែង។

ក្រៅពីជាទីជម្រកដ៏សុខសាន្តរបស់ហ្វូងបក្សាបក្សីទាំងនោះ តំបន់មួយនេះ ក៏ជាទិសដៅទេសចរណ៍ សម្រាប់ការទស្សនាសត្វស្លាបដ៏សំខាន់មួយក្នុងទឹកដីខេត្តព្រៃវែង ។ ពិសេសជាងនេះក៏ជាទីកន្លែងសំចតរបស់ប្រភេទសត្វស្លាបទេសសន្តរប្រវេសន៍មកស្នាក់នៅនិងរកចំណីបណ្តោះអាសន្ន ជាតំបន់ដែលមានជម្រកពងកូនសត្វស្លាបទឹកធំជាងគេទី២ នៅប្រទេសកម្ពុជា បន្ទាប់ពីតំបន់រ៉ាមសារព្រែកទាល់ ។

គួរបញ្ជាក់ថាតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍ បង្កើតឡើងដោយអនុក្រឹត្យលេខ១៦ អនក្រ.បក ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានផ្ទៃដីទំហំ ៣៥៥៧ហិកតា មានភូមិសាស្ត្រស្ថិតនៅក្នុងក្រុងព្រៃវែង ស្រុកស្វាយអន្ទរ ស្រុកពាមរក៍ និងស្រុកបាភ្នំ ខេត្តព្រៃវែង ។

លោក តូច វ៉ារដ្ឋា ប្រធានមន្ទីរបរិស្ថាន ខេត្ត ព្រៃវែង បានបញ្ជាក់ប្រាប់AMSឱ្យដឹងថា មានសត្វស្លាបរស់នៅតំបន់នេះមានចំនួនប្រមាណ៥០ប្រភេទ និងមានចំនួនសត្វចន្លោះពី ១ម៉ឺន៥ពាន់ទៅ ២ម៉ឺនក្បាល។

លោកថានៅតំបន់តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍មានទេសភាពដ៏ស្រស់ត្រកាល ដោយសារខែវស្សាមានផ្ទៃទឹកបឹងធំល្វឹងល្វើយ ដែលអាចឱ្យអ្នកទេសចរចូលទស្សនាបានដោយក្តីសប្បាយរីករាយ។ការទៅតំបន់នេះគេអាចប្រើប្រាស់មធ្យោបាយជិះទូកក្នុងនេះគេ អាចទស្សនាសត្វស្លាបតាមផ្ទៃបឹង និងព្រៃលិចទឹកមើលហើយគួរចង់គយគន់ពេកក្រៃ។ចំពោះរដូវប្រាំងគេអាចធ្វើដំណើរតាមទូកខ្លះ និងជិះរថយន្តទៅកាន់កន្លែងតំបន់ទេសចរណ៍ទាំងនេះផងដែរ ។

លោក តូច វ៉ារដ្ឋា បាននិយាយថាពលរដ្ឋដែលរស់នៅតំបន់នេះមួយចំនួនបានទទួល ផលប្រយោជន៍តាមរយៈការប្រកបរបរលើវិស័យទេសចរណ៍។តំបន់ទេសចរណ៍ធម្មជាតិទាំងនេះបាននាំមកនូវប្រាក់ចំណូលប្រជាពលរដ្ឋក្នុង ការរកប្រាក់ចំណូលបង្កើនជីវភាពប្រជាសហគមន៍មូលដ្ឋាន ។

ទាក់ទិនក្នុងវិស័យទេសចរណ៍នេះដែរលោកប្រធានមន្ទីរបរិស្ថានខេត្តព្រៃវែងបានឱ្យដឹងថា ដើម្បីប្រសិទ្ធ ភាពនិងពង្រឹងវិធានការការពារនិងអភិរក្សធនធានធម្មជាតិ សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀតឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ក្រោយ យើងចាំបាច់ត្រូវមានផែនការ យុទ្ធសាស្ត្រ ដំណោះស្រាយសមស្របនោះគឺធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងនិងជុំវិញតំបន់តំបន់ការពារធម្មជាតិ មានជីវភាពល្អប្រសើរ។

ឯកឧត្តម សំ ប៊ុណ្ណារិន អភិបាលរងនៃគណៈអភិបាល ខេត្តព្រៃវែងបានថ្លែងបញ្ជាក់ថា តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍នេះជាអំណោយធម្មជាតិដោយក្នុងនេះសម្បូរទៅដោយសត្វត្រី ក្នុងផ្ទៃទឹកច្រើនកន្លែងធ្វើឱ្យសត្វបក្សីកម្រៗទាំងនេះមករស់នៅយ៉ាងច្រើនបង្កើតជាតំបន់ទេសចរណ៍គួរឱ្យកោតសរសើរ។ក្រៅពីនេះក្រោមកិច្ចអភិរក្សយ៉ាងតឹងរឹងពីសំណាក់អាជ្ញាធរមូលដ្ឋាន មន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ខេត្ត និងប្រជាសហគមន៍ធ្វើឱ្យរក្សាបាននូវសត្វកម្រៗជាច្រើនមកដល់សព្វថ្ងៃ និង ទៅថ្ងៃអនាគតសម្រាប់កូនចៅជំនាន់ក្រោយបន្តទៀត។

ឯកឧត្តម សំ ប៊ុណ្ណារិនបានថ្លែងដោយបញ្ជាក់ដែរថាក្រៅពីកិច្ចអភិរក្សសត្វព្រៃមន្រ្តីពាក់ព័ន្ធខេត្តក៏បានការពារ ផងដែរនូវដែនជម្រកសត្វព្រៃដោយពុំឱ្យមានការរំលោភបំពានពីសំណាក់ជនខិលខូចដើម្បីធ្វើយ៉ាងណាសត្វមានទីជម្រក និងទីកន្លែងការរកចំណីរបស់ពួកវា ៕