USAID៖ សត្វគោព្រៃ ជាសត្វតំណាងជាតិរបស់ប្រទេសកម្ពុជា

0
101

ភ្នំពេញ៖ តាមការបញ្ជាក់របស់អង្គការ USAID មរតកបៃតង នៅថ្ងៃអាទិត្យទី០៣ ខែមីនា ឆ្នាំ២០២៤  អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានឮ ពីក្រុមបាល់ទាត់កម្ពុជា ដែលមានឈ្មោះថា «គោព្រៃ»ហើយ ប៉ុន្តែអ្នកប្រហែលជាមិនបានដឹងនោះទេថា គោព្រៃត្រូវបានចាត់តាំងជាសត្វតំណាងជាតិ របស់ប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៦០មកម្ល៉េះ ។ សត្វគោព្រៃ ជាសត្វតំណាងជាតិរបស់ប្រទេសកម្ពុជា ។ តើអ្នកដឹងទេថា សត្វគោព្រៃ ប្រហែលជាផុតពូជពីពិភពលោកនេះបាត់ទៅហើយ ។ ប៉ុន្តែវានៅតែជាសត្វដែលស្ថិតក្នុងដួងព្រលឹងជាតិរបស់កម្ពុជាយើងនៅឡើយ។

គោព្រៃ​ដែល​ត្រូវ​បាន​គេ​ស្គាល់​តាមឈ្មោះ​វិទ្យាសាស្ត្រ​ថា Bossauveli គឺជា​ប្រភេទ​សត្វ​ព្រៃ​ដ៏​អាថ៌កំបាំង​ និង​គួរ​ឱ្យស្ញប់ស្ញែង​ ​ហើយវាត្រូវ​បាន​ចុះជាប្រភេទជិតផុតពូជបំផុតក្នុងបញ្ជីក្រហម របស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ។ ការពិតដ៏គួរឱ្យចាប់អារម្មណ៍មួយ អំពីគោព្រៃសម្រាប់ប្រជាជនខ្មែរយើងត្រូវដឹងនោះ គឺពិភពលោកបានហៅឈ្មោះផ្លូវការរបស់វារជាភាសាខ្មែរតែម្តង ដែលសរសេរជាភាសាអង់គ្លេសថា Kouprey ឬ បកជាភាសាអង់គ្លេសថា «Forest Ox » ។ មូលហេតុ ព្រៃនៅក្នុងប្រទេសកម្ពុជាយើងមានវត្តមានប្រភេទសត្វគោនេះសំខាន់ជាងគេ ក្នុងប្រវត្តិសាស្រ្តនៃធម្មជាតិ​ ។ ថ្វីត្បិតតែវាជាសត្វតំណាងជាតិរបស់កម្ពុជាយើងក៏ដោយ ក៏ប៉ុន្តែគេកម្រនឹងបានឃើញសត្វគោព្រៃនេះណាស់ ហើយវាត្រូវបានគេចាត់ទុកជាថនិកសត្វដ៏អាថ៌កំបាំងមួយក្នុងពិភពលោក ។

ជាងនេះទៅទៀត ពិភពលោកបានទទួលស្គាល់សត្វគោព្រៃ ថា ជាប្រភេទថនិកសត្វមាឌធំ ដែលមានមនុស្សតិចតួចបំផុតបានឃើញវា នៅប៉ុន្មានទស្សវត្សរ៍ចុងក្រោយនេះ ។

ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការសិក្សា និង អភិរក្សប្រភេទសត្វនេះ រួមទាំងការធ្វើដំណើរទៅកាន់តំបន់ព្រៃដាច់ស្រយាលក៏ដោយ គោព្រៃនៅតែបន្តគេចខ្លួនពីក្រសែភ្នែករបស់អ្នកស្រាវជ្រាវ និង អ្នកអភិរក្សដដែល ។ ធម្មជាតិដ៏អាថ៌កំបាំង និង ចំនួនដ៏តិចតួចរបស់វានៅក្នុងព្រៃ បានបង្កើនភាពទាក់ទាញ និង ធ្វើឱ្យមនុស្សជាច្រើនចង់ឃើញវាជាខ្លាំង ។

ចូលរួមជាមួយ​យើងទាំងអស់គ្នា ​ក្នុង​ការផ្សព្វផ្សាយអំពីគោព្រៃ ដែលជាសត្វតំណាងជាតិរបស់ប្រទេសកម្ពុជាយើង ។ សូមចែករំលែកសារនេះ ដើម្បីឱ្យប្រជាជនយើង និងពិភពលោកចងចាំគោព្រៃ នៅក្នុងចិត្តរបស់ពួកគេជានិច្ច ៕