អ្នកប្រើស៊ីផ្លេឬបំពង់ស៊ីមុំាងខុសបច្ចេកទេសត្រូវតែ ដកចេញជាបន្ទាន់ចៀសវាងការរងពិន័យ

0
89

ភ្នំពេញ៖ អ្នកដែលបានប្រើប្រាស់ស៊ីផ្លេ ឬបំពង់ស៊ីមុំាងខុសបច្ចេកទេស ត្រូវរួសរាន់ដកចេញវិញជាបន្ទាន់ ដើម្បីកុំឱ្យរងការផាកពិន័យ។ ការណែនាំរបស់លោកឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំបន្ទាន់ពាក់ព័ន្ធត្រួតពិនិត្យការកែច្នៃយានយន្តគ្រប់ប្រភេទ ការបំពាក់ស៊ីផ្លេរ បំពង់ស៊ីម៉ាំងយានយន្តខុសលក្ខណៈ ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ ជាមួយមន្រ្តីពាក់ព័ន្ធ កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈការណែនាំនេះដែរ ធ្វើឡើងតាមអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំបន្ថែមទៀត ដល់ម្ចាស់អាជីវកម្មលក់ដូរបំពង់ស៊ីមុំាង និងស៊ីផ្លេដែលខុសបច្ចេកទេសត្រូវបញ្ឈប់ការលក់ដូរ។ រីឯម្ចាស់យាន្តដ្ឋាននានាក្នុងរាជធានីភ្នំពេញ ក៏ដូចគ្នា ត្រូវបញ្ឈប់ការកែច្នៃស៊ីផ្លេ និងបំពង់ស៊ីមុំាងខុសបច្ចេកទេស ដើម្បីកុំឱ្យរងការផាកពិន័យ ឬឈានទៅបិទអាជីវកម្ម បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីជូនដំណឹងនាពេលដ៏ខ្លីខាងមុខ។

ទន្ទឹមគ្នា លោកអភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ខណ្ឌ ត្រួតពិនិត្យយានយន្ដកែច្នៃគ្រប់ប្រភេទ បំពាក់ស៊ីផ្លេរ បំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេសរំខានប្រជាពលរដ្ឋ។ លោកបញ្ជាក់ដូច្នេះថា«ការប្រើប្រាស់ស៊ីផ្លេ និងបំពង់ស៊ីមុំាងខុសបច្ចេកទេសនេះ គឺបានបង្កការរំខានយ៉ាងខ្លំាងដល់សណ្តាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ ដែលសមត្ថកិច្ចត្រូវតែពង្រឹងការផាក ពិនិត្យឱ្យបានម៉ឺងម៉ាត់ជាទីបំផុត»។ លើសពីនេះ លោកក៏បានណែនាំឱ្យចេញសារចរណែនាំមួយដោយហាមអ្នកលក់ដូរទាំងអស់ត្រូវបញ្ឈប់ការលក់ដូរ បំពង់ស៊ីមុំាងកែច្នៃ និងស៊ីផ្លេខុសបច្ចេកទេស ខណៈមិនអនុវត្តតាមនឹងត្រូវចាត់វិធានការណ៍តាមផ្លូវច្បាប់៕