«ស្ត្រី​ និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» បង្កើតឱកាស បង្កើនផលិតភាព និងផលប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល

0
99

ប្រធានរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកឡើងថា ប្រធានបទ «ស្ត្រី​ និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» ដើម្បីអបអរសាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ដែលកម្ពុជាបានជ្រើសរើសមានគោលបំណងលើកកម្ពស់ការយល់ដឹង និងការយកចិត្តទុកដាក់ខ្ពស់ចំពោះ​ «ស្ត្រី​ និងក្មេងស្រី» ក្នុងការចូលរួមក្នុងបរិវត្តកម្មឌីជីថល ស្របតាមការរីកចម្រើនឥតឈប់ឈរ នៃបច្ចេកវិទ្យាគមនាគមន៍​ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ការចូលរួមក្នុងបរិវត្តកម្មឌីជីថលនឹងគាំទ្រដល់បដិវត្តន៍ឧស្សាហកម្មទី៤.០ បង្កើតឱកាសការងារ បង្កើនផលិតភាព ជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ​ និងសេដ្ឋកិច្ចជាតិ និងកសាងសង្គម​ និងសេដ្ឋកិច្ចឌីជីថល ដែលផ្តល់ផលប្រយោជន៍ដ៏សន្ធឹកសន្ធាប់ដល់ពលរដ្ឋ និងចូលរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា ក្នុងការប្រែក្លាយខ្លួនទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ ប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ និងឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងអង្គមីទ្ទិញ អបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ដែលប្រារព្ធធ្វើឡើងនៅសាលាខេត្តកណ្តាល នាព្រឹកថ្ងៃទីសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤។

ក្នុងមតិស្វាគមន៍របស់​ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានលើកឡើងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល រួមមាន​ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលបានផ្តោតលើ មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា សំដៅជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។

ឯកឧត្តមបន្តថា ការបង្កើនភាពអង់អាចដល់ស្រ្តី​ និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថលមិនត្រឹមតែមានសារៈសំខាន់សម្រាប់ការលើកកម្ពស់សមភាពយេនឌ័រប៉ុណ្ណោះទេ ប៉ុន្តែជាមធ្យោបាយថ្មី ក្នុងការបើកសក្តានុពលសម្រាប់ស្រ្តី​ និងក្មេងស្រី​ ក្នុងការលើកកម្ពស់គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ដែលរួមចំណែកក្នុងការកសាងភាពធន់របស់សង្គម និងពន្លឿនការអភិវឌ្ឍប្រកបដោយចីរភាព​ និងបរិយាប័ន្ន។d

សម្តេចប្រធានរដ្ឋសភាសង្កត់ធ្ងន់ថា នៅកម្ពុជា សមភាពយេនឌ័រ​ និងការផ្តល់ភាពអង់អាចដល់ស្រ្តី នៅបន្តទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមាន​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។ រាជរដ្ឋាភិបាលបានប្តេជ្ញាបន្តថែរក្សាមរតកដែលបានកសាងដោយរាជរដ្ឋាភិបាលអាណត្តិមុនៗ តាមរយៈការជំរុញរបៀបវារៈយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី ក្នុងវិស័យអប់រំ សុខភាព សេដ្ឋកិច្ច និងតួនាទីដឹកនាំ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ ការប្រើប្រាស់សិទ្ធិក្នុងការសម្រេចលើសុខភាព​ និងផែនការគ្រួសារ និងការកាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាលើ «ស្រ្តី​ និងក្មេងស្រី»។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា នៅក្នុងពេលដែលបងប្អូនស្រ្តី និងកុមារី នៅកម្ពុជា បានកំពុងប្រារព្ធអបអរសាទរទិវាអន្តរជាតិនារី យ៉ាងសប្បាយរីករាយ មានស្រ្តី​ និងកុមារីជាច្រើន នៅលើសកលលោកបានកំពុងប្រឈមការរំលោភបំពានហិង្សាគ្រប់រូបភាព ដោយសារតែវិបត្តិនៃជម្លោះ និងសង្គ្រាមស៊ីវិល។ ស្រ្តី​ និងកុមារីទាំងនោះ មិនមានសូម្បីតែសិទ្ធិជាមូលដ្ឋាន រួមមានសិទ្ធិរស់រានមានជីវិតក៏គ្មានដែរ កុំថាឡើយទាមទារសិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានសេវាថែទាំសុខភាព និងសិទ្ធិចូលរួមក្នុងសកម្មភាពនានាក្នុងសង្គម សេដ្ឋកិច្ច និងនយោបាយនោះ។

សុខសន្តិភាព ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន។ កម្ពុជាពិតជាមានសំណាង និងមោទនភាពដែលមានថ្នាក់ដឹកនាំ ប្រកបដោយភាពឈ្លាសវៃ ច្បាស់លាស់ ក្នុងកិច្ចខិតខំប្រឹងប្រែងកសាង និងថែរក្សាសន្តិភាពជូនប្រជាពលរដ្ឋ និងផ្តល់អាទិភាពខ្ពស់បំផុតដល់ការជំរុញនិងលើកកម្ពស់សមភាពយេនឌ័រ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ធ្លាប់បានលើកឡើងថា​ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពទៅថ្ងៃអនាគត»។ ពាក្យពេចន៍ពោរពេញដោយអត្ថន័យ​ និងខ្លឹមសារប្រកបដោយគតិបណ្ឌិតនេះ បានបង្ហាញពីឆន្ទៈមុតមាំរបស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងការចូលរួមយ៉ាងសកម្ម ជាមួយនឹងបណ្តាប្រទេសនានា ដើម្បីឈានទៅសម្រេចបានសមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី នៅគ្រប់ទិដ្ឋភាព ស្របទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ៕