រដ្ឋបាលខេត្តកំពត៖ ឆ្នេរខ្សាច់កម្សាន្តថ្មីមួយនៅខេត្តកំពតគ្រោងបើកទទួលភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

0
120

កំពត៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា រដ្ឋបាលខេត្តកំពត គ្រោងនឹងបើកឱ្យភ្ញៀវទេសចរចូលលេងកម្សាន្តឆ្នេរខ្សាច់កម្សាន្តថ្មីមួយកន្លែងទៀត ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ»។

ការថ្លែងបែបនេះ ក្នុងឱកាសឯកឧត្តមចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវឆ្នេរខ្សាច់កម្សាន្តប្របមាត់ព្រែកកំពង់បាយចាប់ពីស្ពានឥន្ទធនូ (ស្ពានចាស់) រហូតដល់ស្ពានកំពង់បាយ(ស្ពានថ្មី) និងរូបសំណាកសេះសមុទ្រមុខសាលាខេត្តចាស់ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤។

ឯកឧត្តមអភិបាលខេត្តកំពត បានលើកឡើងថា ដើម្បីពង្រីកវិសាលភាពនៃទីតាំងកម្សាន្តក្នុងក្រុងកំពត ឆ្នេរខ្សាច់កម្សាន្តថ្មីដែលមានទីតាំងចាប់ពីស្ពានឥន្ទធនូរហូតដល់ស្ពានកំពង់បាយ គ្រោងនឹងបើកទទួលភ្ញៀវ បើទោះបីជាឆ្នេរនេះមិនទាន់រៀបចំបានរួចរាល់ក៏ដោយ​។

ឯកឧត្តមបានគូសបញ្ជាក់ថា ឆ្នេរកម្សាន្តមួយនេះគឺជាបេះដូងនៃខេត្តកំពត ហើយក្រោយស្ថាបនារួចរាល់នឹងមានសោភ័ណភាពស្អាត អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងច្រើន ដោយសារតែទីតាំងនេះអាចបង្ករលក្ខណៈឱ្យភ្ញៀវទេសចរអាចងូតទឹកលេងបាន។ ទន្ទឹមនឹងនេះ លោក ក៏បានជំរុញដល់អង្គភាពជំនាញ មន្ទីរជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ពន្លឿនក្នុងការស្ថាបនាផ្លូវឱ្យបានរួចរាល់មុនពេលបុណ្យចូលឆ្នាំមកដល់ រៀបចំអនាម័យ បរិស្ថានឱ្យបានស្អាតល្អ រៀបចំភ្លើងបំភ្លឺ ជាពិសេសត្រូវសិក្សាដាក់តាំងភ្លើងពណ៌ដើម្បីលម្អនាពេលយប់ឱ្យមានភាពទាក់ទាញ ចាប់ពីគល់ស្ពានឥន្ទធនូ រហូតដល់ស្ពានថ្មថ្មី។ ម្យ៉ាងវិញទៀត ចំពោះរូបសំណាកសេះសមុទ្របាញ់ទឹកដែលមានកម្ពស់ ៨ម៉ែត្រ ក៏ត្រូវរៀបចំឱ្យបានរួចរាល់នៅមុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដូចគ្នា ដោយមានការតុបតែងភ្លើងពណ៌ និងការបាញ់ទឹកឱ្យបានស្អាត។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានបំផុសឱ្យគ្រប់រាជធានី-ខេត្តទាំងអស់ ត្រូវរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឱ្យបានផុសផុល ពិសេសសម្តេចបានដាក់ចុះនូវយន្តការ និងគោលការណ៍ជាច្រើនដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញឱ្យអាជ្ញាធរតាមបណ្តារាជធានី-ខេត្តរៀបចំកែលម្អសោភ័ណភាព បង្កើតកន្លែងកម្សាន្ត ជាពិសេសអភិវឌ្ឍន៍កែលម្អបន្ថែមនៅតាមតំបន់ទេសចរណ៍នានាក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យមកលេងកម្សាន្ត។

សូមជម្រាបថា វិស័យទេសចរណ៍នៅខេត្តកំពតត្រូវបានលើកកម្ពស់ និងយកចិត្តទុកដាក់ជាអាទិភាព ព្រោះថាខេត្តកំពត គឺជាខេត្តមួយក្នុងចំណោមខេត្តទាំងបួនដែលជាប់នឹងឆ្នេរសមុទ្រកម្ពុជា ហើយក៏ជាប៉ូលទេសចរណ៍ដ៏ទាក់ទាញបំផុតសម្រាប់កម្ពុជាផងដែរ។ លោកអភិបាលខេត្តកំពត តែងតែបានលើកឡើងថា «ដើម្បីឱ្យពលរដ្ឋមានខេត្តជីវភាពធូធារ កំណើន GDP មានការកើនឡើងខ្ពស់ គឺយើងត្រូវរួមគ្នាធ្វើឱ្យវិស័យទេសចរណ៍រីកចម្រើន ហើយបើកាលណាខេត្តមានភ្ញៀវទេសចរមកលេងកម្សាន្តច្រើន នោះពលរដ្ឋនឹងទទួលបានចំណូលច្រើនពីវិស័យមួយនេះ»៕