តំបន់រ៉ាមសារស្ទឹងសែន ជាកន្លែងមួយសម្រាប់ហ្វូងកុក កំពុងរកចំណី និងហោះហើរពេញផ្ទៃទឹក

0
82

ថ្មីៗនេះ នៅតំបន់រ៉ាមសារស្ទឹងសែនកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរ ខណៈមាន ទិដ្ឋភាពសត្វកុកដ៏ច្រើនលើសលប់ កំពុងហើរយ៉ាងសក្បុសពាសពេញផ្ទៃទឹក នៅតំបន់រ៉ាមសារស្ទឹងសែន ខេត្តកំពង់ធំដែលស្ថិតនៅក្នុងប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប ។

យោងតាមអង្គការជីវិតធម្មជាតិនៅកម្ពុជា (Nature Life Cambodia) បានឱ្យដឹងថារូបភាពនេះថតបានដោយមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកំពង់ធំ ក្នុងពេលចុះល្បាត ។

ជាមួយគ្នានេះ តំបន់រ៉ាមសារស្ទឹងសែនស្ថិតក្នុងខេត្តកំពង់ធំ ជាតំបន់មានសក្តានុពលមិនចាញ់ តំបន់រ៉ាមសារក្នុងខេត្តផ្សេងទៀតទេ ។ តំបន់នេះមានផ្ទៃដីទំហំ ៩ ២៩៣ហិកតា និងត្រូវបានចុះបញ្ជីនៅអំឡុងឆ្នាំ២០១៨ ។ តំបន់រ៉ាមស្ទឹងសែន មានព្រៃលិចទឹក ដែលផ្ដល់ទីជម្រកសម្រាប់ពពួកសត្វស្លាបជាង៧៩ប្រភេទ ដូចជាស្មោញ, ត្រដក់តូច, ត្រដក់ធំ, ទុងប្រផេះ, អង្កត់ខ្មៅ, អកត្រីក្បាលប្រផេះ, និងថនិកសត្វប្រមាណ ៩ប្រភេទ ។ លើសពីនេះ តំបន់នេះមានព្រៃលិចទឹក សត្វស្លាបទឹក និងភូមិអណ្ដែតទឹក ដែលមានអំណោយផល ដល់អេកូទេសចរណ៍ធម្មជាតិ ។

 សូមរម្លឹងថា តំបន់រ៉ាមសារ (តំបន់ដីសើម) នីមួយៗ សម្បូរដោយធនធានធម្មជាតិ, សត្វប្រភេទកម្រ, ជីវៈចម្រុះ ដែលជាសក្តានុពលសម្រាប់ការអភិរក្ស និងវិស័យទេសចរណ៍ ៕